កូនកម្លោះពីរនាក់ ជាបងប្អូននឹងគ្នា ស្គាល់កូនក្រមុំជាកូនភ្លោះ តាមហ្វេសប៊ុក រៀបការ ២គូ ក្នុងថ្ងៃតែមួយ
ខេត្តប៉ៃលិន៖ អាពាហ៍ពិពាហ៍ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ចាត់ទុកជារឿងចម្លែក ពុំធ្លាប់មាន ដែលកូនកម្លោះពីរនាក់ ជាបងប្អូនបង្កើតនឹងគ្នា នៅខេត្តប៉ៃលិន បានស្គាល់គ្នាជាមួយកូនក្រមុំ ជាកូនភ្លោះ ដែលជាអ្នកខេត្តបាត់ដំបង តាមរយ:ហ្វេសប៊ុក អស់រយ:ពេលជាង ១ឆ្នាំ។ លុះក្រោយពេលធ្វើការងារសន្សំបានលុយគ្រប់គ្រាន់ កូនកម្លោះ ជាបងប្អូនបង្កើត និងកូនក្រមុំ ជាកូនភ្លោះ បានរៀបការ ចូលផ្ទឹមទាំងពីរគូ ក្នុងរោង និងថ្ងៃតែមួយ។
ឪពុកម្តាយខាងប្រុស យកកូនស្រីភ្លោះទាំងពីរ មករៀបចំផ្សំផ្គុំ នៅឯគេហដ្ឋានរបស់ខ្លួន នៅខេត្តប៉ៃលិន ដោយសារតែខាងកូនស្រី មានម្តាយជាស្ត្រីមេម៉ាយក្រខ្ស
ឪពុកខាងកូនប្រុសទាំងពីរ ឈ្មោះ ហាម ចាន់តារា អាយុ ៥៧ឆ្នាំ និងប្រពន្ធ ឈ្មោះ ម៉ៅ សុចាន់ណា រស់នៅក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងថា កូនកម្លោះគាត់ ដែលរៀបការ ក្នុងថ្ងៃតែ១ នៅពេលនេះ ទី១. ឈ្មោះ រ៉ា ចាន់រក្សា អាយុ ២០ឆ្នាំ ទី២. ឈ្មោះ រ៉ា ចាន់ខាំឈីត អាយុ ១៨ឆ្នាំ។ រីឯខាងកូនក្រមុំភ្លោះ ទី១. ម៉ាប់ ផល្លី អាយុ ១៨ឆ្នាំ ទី២. ម៉ាប់ ផល្លា អាយុ ១៨ឆ្នាំ ដូចគ្នា មានស្រុកកំណើត នៅចំណុចប្រឡាយ៧០ ក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយម្តាយ មានឈ្មោះ គយ ចន្ធូ ជាស្រ្តីមេម៉ាយ។
ឪពុកកូនកម្លោះ ២នាក់បងប្អូនបង្កើត បានបន្តទៀតថា ក្រោយពេលដណ្តឹងរួច មិនទុកយូរនោះទេ លោកក៏បាននាំយកមករៀបចំពិធីផ្សំផ្គុំកូនទាំង ២គូ នៅឯផ្ទះរបស់ខ្លួន ដោយម្តាយខាងស្រីមានការយោគយល់ ហើយយកថ្លៃទឹកដោះតែកូនម្នាក់ ត្រឹមចំនួន ៥០០ដុល្លារប៉ុណ្ណោះ។
លោកបន្ថែមថា មុនដំបូង ពួកគេបានស្គាល់គ្នា តាមរយ:ការលេងហ្វេសប៊ុក ខណ:កូនប្រុសទាំងពីរនាក់របស់ខ្លួន កំពុងធ្វើការនៅប្រទេសថៃ។ ក្រោយមក កូនប្រុសម្នាក់ ក៏សុខចិត្តត្រឡប់មកពីប្រទេសថៃ ដើម្បីទៅលេងផ្ទះខាងកូនក្រមុំ ក៏ចាប់ចិត្តស្រឡាញ់ កាន់តែខ្លាំង រួចកូនប្រុសច្បងរបស់គាត់ រៀបការជាមួយកូនភ្លោះបង ហើយកូនប្រុសប្អូន រៀបការជាមួយកូនភ្លោះប្អូន មានន័យថា បង យកបង ប្អូន យកប្អូន។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចរាល់ កូនប្រុសរបស់លោកទាំងពីរនាក់ នឹងចាកចេញពីផ្ទះទៅរស់នៅខាងម្តាយក្មេក ដោយពួកគេលែងត្រឡប់ទៅធ្វើការងារ នៅប្រទេសថៃទៀតហើយ ដោយធ្វើការងារក្បែរៗផ្ទះ កុំឱ្យឃ្លាតឆ្ងាយពីប្រពន្ធកូន ព្រោះការចំណាកស្រុក ទៅរកស៊ីនៅប្រទេសគេ មានការលំបាកណាស់។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលនៅក្នុងខេត្តប៉ៃលិន មានករណីបងប្អូនស្រឡាញ់ នារីជាកូនភ្លោះ ហើយបានរៀបការទាំងពីរគូ នៅថ្ងៃតែ១ ដែលទាំងឪពុកម្តាយខាងប្រុស និងម្តាយខាងស្រី ក៏មានការសប្បាយរីករាយផងដែរ៕
Post a Comment