លោកចោរ តាមរករង្វាន់ លួចចូល ក្នុងហាងលក់ចាប់ហួយ មួយកន្លែង នៅខេត្តកោះកុង រួចគាស់ក្រវិលកំប៉ុងស្រាបៀរ រាប់សិបកេស
ខេត្តកោះកុង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មានករណីចោរលួចចូលគាស់តូបលក់ដូរចាប់ហួយ១កន្លែងនៅក្នុងផ្សារដងទង់ ស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ទីរួមខេត្តកោះកុង ដោយលួចគាស់យកតែក្រវិលកំប៉ុងស្រាបៀរ ដើម្បីយករង្វាន់អស់ចំនួន៤១កេស ក្នុងនោះមានក្រវិលស្រាបៀរចំរុះអស់ចំនួន៣៩កេស ភេសជ្ជៈខារ៉ាបាវចំនួន១កេស និងគោជល់ចំនួន១កេស សរុបទាំងអស់ចំនួន៤១កេស។
លោកអធិការក្រុងខេមរៈភូមិន្ទ បានបញ្ជាក់អោយដឹងថា ករណីចោរកម្មខាងលើនេះ ពិតជាពុំដែលបានជួបប្រទះឡើយ ព្រោះលោកចោរគាត់ធ្វើសកម្មភាពគាស់យកតែក្រវិលកំប៉ុងណាដែលមានត្រូវរង្វាន់ ហើយក្រវិលកំប៉ុងណាអត់ត្រូវ គាត់បោះចោលនៅទីនោះវិញ។
លោកអធិការបញ្ជាក់ទៀតថា ធម្មតា នៅក្នុងផ្សារ គឺត្រូវមានកម្លាំងសន្តិសុខយាមជាប្រចាំបន្ថែមលើរបងដែកព័ទ្ធជុំវិញ និងចាក់សោរនៅពេលយប់ ដើម្បីការពារតូបអាជីករទាំងអស់ ហេតុអ្វីទើបមានចោរចូលលួចបាន?។
លោកបញ្ជាក់ថា ម្ចាស់តូបខាងលើមានឈ្មោះ ហោ សាលៀង ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ៕
Post a Comment