កោដ្ឋ​ដាក់​អដ្ឋិធាតុ​យុទ្ធជន​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​តម្កល់​ដាក់​ក្នុង​មហា​ចេតិយ​ (BTV)

ត្បូងឃ្មុំ៖ ប្រមុខ​ការពារជាតិ​អញ្ជើញ​សម្ពោធ​ឆ្លង​មហា​ចេតិយ​តម្កល់​អដ្ឋិធាតុ​យុទ្ធជន​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​៤៩​រូប​នៅ X 16 តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម​។

នៅ​ព្រឹក​ថ្ងៃទី ០២ ខែមេសា ឆ្នាំ​២០២៣​នេះ កោដ្ឋ​ដាក់​អដ្ឋិធាតុ​យុទ្ធជន​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ចំនួន ៤៩​រូប ត្រូវបានធ្វើ​ពិធី​ដង្ហែ​តាម​គន្លង​ប្រពៃណី​សាសនា​ប្រក​ដោយ​កិ​ត្ត​យស ដើម្បី​កម្ត​ល់​ទុក​នៅក្នុង​មហា​ចេតិយ ដែល​ត្រូវបាន​សម្ភោ​ធ​ឆ្លង​ជា​ផ្លូវការ​ក្នុងពេល​ដំណែល​គ្នា ក្រោម​វត្តមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ស្ថិតនៅ​តំបន់​ប្រវត្តិសាស្ត្រ យោធា​តេ​ជោ​កោះ​ថ្ម X-16 ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​បាន​ថ្លែងថា ការសាងសង់​មហា​ចេតិយ និង ការតម្កល់​នូវ​កោដ្ឋ​អដ្ឋិធាតុ យុទ្ធជន​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ចំនួន ៤៩​រូប នៅពេលនេះ គឺ​សបញ្ជាក់​ពី​ការយកចិត្តទុកដាក់ ការផ្តល់​តម្លៃ និង​កិត្តិយស ពី​សំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កងកម្លាំង​យុទ្ធ​មិត្ត ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ តស៊ូ​រំដោះជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍​កាលពី​ឆ្នាំ​១៩៧៨​។

​បន្ថែម​លើ​ពីនេះ ដើម្បី​រក្សាបាន​នូវ​តឹកតាង​ប្រវត្តិសាស្ត្រ ដែល​មិនអាច​ប្រកែក​បាន​ចំពោះ​កា​រលំ​បង់​ដ៏​ធំធេង ក្នុងការ​ស្វែងរក​សន្តិ​ភាព​ជូន​ជាតិ​មាតុភូមិ។ បើទោះបីជា​មកដល់ពេលនេះ កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ក៏ប៉ុន្តែ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី មិនដែល​បោះបង់ និង បំភ្លេចចោល​ពួកគាត់​ឡើយ​។

​​សូម​រំលឹកថា អដ្ឋិធាតុ​យុទ្ធជន​កម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ៤៩​រូប ដែល​ត្រូវបាន​បូជា រួច​ត្រូវបាន​តម្កល់​នៅក្នុង​អគារ​មិត្ត​ភាពជា​បណ្តោះអាសន្ន​រង់​ចាំ​រហូតដល់​ពិធី​ឆ្លង​មហា​ចេតិយ​រួច នឹង​បានធ្វើ​ពិធី​រំកិល​កោដិ​យុទ្ធជន​ទាំង​៤៩​រូបនោះ ទៅ​តម្កល់ទុក​ក្នុង​មហា​ចេតិយ​ទៅតាម​ការគ្រោងទុក​។​

អដ្ឋិធាតុ​យុទ្ធជន​កម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ៤៩​រូប ត្រូវបានធ្វើ​ពិធី​ប្រគល់ និង​ទទួល នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X១៦ ក្រោម​វត្តមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ដូ កាន់ អនុប្រធាន​ស្នងការ​នយោបាយ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដំណាង​ក្រសួងការបរទេស នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​កម្លាំងប្រដាប់អាវុធ​ហត្ថ​អាជ្ញាធរ​ដែនដី​លោក លោកស្រី និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម​។​

ជាង ៤៤ឆ្នាំ បានកន្លងផុតទៅយុទ្ធ​មិត្ត ចំនួន ៤៩រូប ដែលបានពលី និងមរណៈពេលផ្តួលរំលំរបបប្រល័យពូជសាសន៍ ត្រូវបានមិត្តវៀតណាម ប្រមូលផ្តុំរៀបចំជាបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ផ្តល់ដីផ្តល់បណ្ណទទួលស្គាល់ ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ​។

អាជ្ញាធរ​ដែនដី​ប្រជាជន​វៀតណាម​ខេត្ត​ដុង​ណាយ និង​កងទ័ព​វៀតណាម ពិសេស​យោធភូមិភាគទី៧ កងពលធំ​លេខ​៣០២ បាន​យកចិត្តទុកដាក់​ថែទាំ​យ៉ាង​ល្អ​។

​ជារួម​គិត​ត្រឹម​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២៣​នេះ កោដ្ឋ​ដាក់​អដ្ឋិធាតុ យុទ្ធជន​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ចំនួន ៤៩​រូប ត្រូវបានធ្វើ​ពិធី​ចប់សព្វគ្រប់​ប្រកបដោយ​កិត្តិយស​ជាទីបំផុត​៕






Powered by Blogger.