ករណីវិវាទរវាងអ្នកបើកបររថយន្តLexus330 និង អ្នកបើកបររថយន្ត Kia Morning ត្រូវបានបញ្ចប់ ម្ចាស់រថយន្តLexus330 ត្រូវបាននគរបាលផាកពិន័យតាមច្បាប់
បន្ទាយមានជ័យ: ករណីវិវាទរវាងអ្នកដំណើរបើកបររថយន្តLexus330 និង អ្នកដំណើរបើកបររថយន្តKia Morning បានមកជួបដោះស្រាយគ្នាតាមផ្លូវច្បាប់ និងបានព្រមព្រៀងបញ្ចប់បញ្ហាគ្នា ក្រោយទទួលបានការអប់រំ ស្តីពីច្បាប់ចរាចរណ៍ ពីមន្ត្រីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ។
ភាគីអ្នកបើកបររថយន្តLexus330 បានទទួលស្គាល់ថា ខ្លួនពិតជាបានបើកបរល្មើសច្បាប់ចរាចរណ៍ចូលគន្លងឆ្វេងដៃឡើងជេងមិនផុត ព្រោះតែការប្រញ៉ាប់ការងារផ្ទាល់ខ្លួន។ ពេលនេះភាគីម្ចាស់រថយន្តLexus330 ទទួលយកការផាកពិន័យ និងបានបង់ប្រាក់ពិន័យរួចរាល់ផងដែរ។
ម្ចាស់រថយន្ត Kia Morning ក្រោយទទួលបានការណែនាំអំពីច្បាប់ចរាចរណ៍ ក៏បានទទួលស្គាល់ថា ខ្លួនពិតជាមានកាយវិការឆ្គាំឆ្គង និងបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យដាក់គ្នាទៅវិញទៅមក ទើបបង្កឲ្យមានការប៉ះទង្គិចគ្នា និងបង្កឲ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវសាធារណ:។
ក្រោយទទួលបានការអប់រំណែនាំពីមន្ត្រីជំនាញភាគីទាំងពីរ ម្ចាស់រថយន្តLexus330 និង ភាគីម្ចាស់រថយន្តKia Morning បានបញ្ចប់វិវាទគ្នាដោយការស្ម័គ្រចិត្ត ដោយការយោគយល់អធ្យាស្រ័យគ្នា សុំទោសគ្នាទៅវិញទៅមក ខុសម្តងឆ្គងមួយគ្រា ក្នុងនាមខ្មែរដូចគ្នា ដើម្បីរីករាយចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទាំងអស់គ្នា។
ក្នុងនាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន សារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ក្នុងការបញ្ចេញមតិ សូមអោយមានក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងប៉ះពាល់ដល់ការខិតខំប្រឹងប្រែង កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់នគរបាលជាតិ ដែលកំពុងបំពេញបេសកកម្ម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ។
សេចក្ដីបំភ្លឺព័ត៌មានខាងលើ សូមសាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
Post a Comment