Update: លោកជំទាវ ហ៊ុន ស៊ីណាត បួងសួងលោកតាដំបងក្រញូងកាច់អ្នកសម្តែងល្ខោនជញ្ជក់ឈាមពលករ
ភ្នំពេញ៖ ក្រោយពលរដ្ឋលើកឡើងថា ខ្លួនចំណាយលុយរាប់ពាន់បាត ដើម្បីឆ្លងផុតច្រកព្រំដែនខ្មែរនៅខេត្តបាត់ដំបង លោកជំទាវហ៊ុន សុីណាត ដែលជាប្អូនស្រីបង្កើត សម្តេចតេជោ ហ៊ុន សែន បានបួងសួងដល់បារមីលោកតាដំបងក្រញូង ឱ្យកាច់រាជការនៃខេត្តបាត់ដំបងដែលពាក់ព័ន្ធនឹងច្រកព្រំដែនខ្មែរថៃ ប្រសិនបើពួកគេសម្តែងល្ខោន ជញ្ជក់ឈាមពលករ ខណៈថ្នាក់ដឹកនាំខេត្តនេះ មិនទាន់ទទួលស្គាល់ការលើកឡើងរបស់ពលករនៅឡើយ។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោយពលរដ្ឋលើកឡើងថា «ខ្ញុំអស់ចង់២០០០បាត» លោកជំទាវ ហ៊ុន ស៊ីណាត ចោទសួរថា៖ «អុញ! ម៉េចបានអស់លុយអ៊ីចឹងខ្ញុំឃើញ BAYON Radio នាំលោកធំ សុខ លូ ចុះទៅពេលនោះពលករខ្មែរ បានលើកឡើងដូចៗគ្នាថារាល់ការបំពេញបែបបទ ឯកសារចេញចូលឆ្លងដែននា ពេលបច្ចុប្បន្ននេះមានភាពលឿនរហ័សជាងមុន និងពុំមានការទារលុយកាក់ក្រៅផ្លូវការនោះទេ។ អ៊ីចឹងបើរឿងដែលក្មួយអស់លុយមានត អស់លោកធំចុះទៅ ដើម្បីសម្តែងល្ខោនក្នុងពេលពលករខ្មែរស្រែកជេរ។ ថ្ងៃនេះជាថ្ងៃសីលសូមឱ្យអ្វីៗដែលអស់លោកបានជញ្ជក់ឈាមពលករខ្មែរកន្លងមក សូមកុំឱ្យមានទៀត បើមិនបញ្ឈប់ការធ្វើបាបពលករទសូមទសបារមីលោកតាដំបងក្រញ៉ងក្នុងខេត្តបាត់ដំបងចាក់ការអាអ្នកទាំងនោះផងចុះ»។
អភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានចុះទៅណែនាំដល់មន្រ្តី និងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ត្រូវបង្កលក្ខណៈងាយស្រួល និងពន្លឿនការបំពេញបែបបទ និងចៀសវាងការយកកម្រៃសេវាក្រៅផ្លូវការពីបងប្អូន ដែលឆ្លងដែនចូលទៅធ្វើការងារនៅប្រទេសថៃដោយស្របច្បាប់។ ការចុះទៅដល់ច្រកព្រំដែនរបស់ អភិបាលខេត្តបាត់ដំបង បន្ទាប់ពីមានប្រតិកម្មស្រែកជេពីសំណាក់មហាជនលើមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ថាជញ្ជក់ឈាមខ្មែរគ្នាឯង។
ប្រជាពលរដ្ឋលើកឡើងថា មន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ជញ្ជក់ឈាមខ្មែរគ្នាឯង ដោយក្រដាសសមួយសន្លឹក ពលករត្រូវបានបង្ខំឱ្យចំណាយលុយអស់១៣០០បាត ដែលស្មើនឹងប្រមាណ១៥ម៉ឺនរៀល។ បន្ថែមពីនេះ មានអ្នកចាំសម្លុតបងប្អូនពលករឱ្យផ្ញើឥវ៉ាន់តាមរថយន្ត ដោយកាបូបមួយ ត្រូវចំណាយលុយអស់១០០បាត ដែលស្មើនឹងជាង១ម៉ឺនរៀលផងដែរ។
ការលើកឡើងនេះ មិនត្រូវបានលោក សុខ លូ ចេញមុខបំភ្លឺនៅឡើយទេ ដោយអភិបាលខេត្តរូបនេះចេញមុខច្រានចោលការលើកឡើងរបស់ពលករ ពីករណីយកលុយពលករ នៅច្រកព្រំដែនឡែមឯណោះវិញ ដោយថាមិនមានការយកលុយពីពលករដែលវិលចូលទៅប្រទេសថៃវិញតាមច្រកព្រំដែនឡែម ដូចការលើកឡើងនោះទេ។
ទោះជាយ៉ាងណា ពលករខ្មែរនៅតែអះអាងថា ករណីមន្ត្រីច្រកព្រំដែនខ្មែរថៃនៅបាត់ដំបង យកលុយពលករ ជាការពិតមិនអាចប្រកែកបាន ខណៈអ្នកខ្លះថែមទាំងលើកឡើងថា មន្ត្រីនៃច្រកព្រំដែនខ្មែរថៃខេត្តបាត់ដំបង ជាពួកបិសាចបូមឈាមពលករខ្មែរតាំងតែពីយូរមកហើយ ហើយករណីនេះប្រសិនបើគ្មានការបើកដៃពីមន្ត្រីថ្នាក់លើទេ មន្ត្រីនៃច្រកព្រំដែនខ្មែរថៃខេត្តបាត់ដំបងច្បាស់ជាមិនអាចជំរិតយកលុយពលករតាមអំពើចិត្តបែបនេះនោះដែរ៕
Post a Comment