Update: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ពលរដ្ឋខ្មែរ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយអាជ្ញាធរថៃ ប្តឹងទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រង ជូនជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ពលរដ្ឋខ្មែរ៣នាក់ នៅខេត្តឈុនបូរី។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននឹងកំពុងសហការជាមួយអាជ្ញាធរថៃ គ្រួសារជនរងគ្រោះ និងអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ និងទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រង ជូនជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ ដែលបានកើតឡើង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តឈុនបូរី ប្រទេសថៃ។ 

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការបរទេស ទើបទទួលបាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទាក់ទងនិងធ្វើការជាមួយអាជ្ញាធរមានសមត្ថកិច្ច មន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធ នៅក្នុងប្រទេសថៃ។

យោងតាមរបាយការណ៍របស់ស្ថានទូត គ្រោះថ្នាក់ខាងលើ បានបណ្តាលឱ្យពលរដ្ឋខ្មែរ ចំនួន៣រូប (ម្នាក់ជាស្ត្រីមានផ្ទៃពោះ៩ខែ) បានបាត់បង់ជីវិត និងចំនួន១១រូបផ្សេងទៀត រងរបួស (ក្នុងនោះ មាន៨រូប រងរបួសធ្ងន់ធ្ងរ)។

បន្ថែមលើលិខិតចូលរួមរំលែកទុក្ខ ជាមួយនិងគ្រួសារនៃសព, ស្ថានទូតកម្ពុជា បានជួយសម្របសម្រួលជាមួយអាជ្ញាធរថៃ លើឯកសារពាក់ព័ន្ធ ដើម្បីសុំនាំយកសព ទៅធ្វើបុណ្យតាមប្រពៃណី។ ស្ថានទូតកម្ពុជា ក៏បានចុះផ្ទាល់ដល់ទីតាំងតម្កល់សព ដែលស្ថិតនៅក្នុងវត្តសោធរនិមិត្ត (ខេត្តសាក់មុតប្រាកាន) ហើយបាននឹងកំពុងចុះសាកសួរសុខទុក្ខជនរងគ្រោះ ដែលកំពុងទទួលការព្យាបាល នៅ ក្នុងប្រទេសថៃ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់គ្រួសារសព និងជនរងគ្រោះផងដែរ៕








Powered by Blogger.