សម្តេចតេជោ ចេញសារសំឡេងពីបញ្ហាសំបុត្រចូលមើលការប្រកួតស៊ីហ្គេម ពិសេសបាល់ទាត់
ភ្នំពេញ៖ ២ថ្ងៃ មុនបើកព្រឹត្តិការណ៍ស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន បានចេញសារសំឡេង ជូនជនរួមជាតិ ពាក់ព័ន្ធនឹងបញ្ហាសំបុត្រចូលមើលការប្រកួតស៊ីហ្គេម ពិសេសបាល់ទាត់ និងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ថ្ងៃទី៥ឧសភាខាងមុខនេះ។
បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ និងអធ្យាស្រ័យពីជនរួមជាតិ ដោយសារតែស្តាតចាស់ ( ស្តាបអូឡាំពិក ) ដាក់មនុស្សត្រឹម ៣-៤ម៉ឺននាក់ ក្នុងពេលដែលមនុស្ស ចង់ចូលមើល ៣០ម៉ឺននាក់។ ចំណែកស្តាតថ្មី ( មរតកតេជោ ) អាចដាក់បាន ៦-៧ម៉ឺននាក់ រីឯអ្នកចង់ចូលមើល មានដល់ទៅ ៥០ម៉ឺននាក់។ ដូច្នេះអ្នកទទួលបានសំបុត្រចូលមើល ក៏សប្បាយចិត្ត។ រីឯអ្នកមិនបានសំបុត្រចូលមើល ក៏រិះគន់អ្នកចាត់ការ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «កន្លែងយើងតូច ឯអ្នកចង់ចូលមើលច្រើន។ ដូច្នេះបញ្ហានេះ យើងមិនអាចដោះស្រាយបានទេ។ តែយើង បានរៀបចំដាក់បញ្ចាំងស្លាយ ដើម្បីផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ទាំងនោះ សម្រាប់បងប្អូនមើល។ ការរៀបចំបញ្ចាំងស្លាយ តាមទីសាធារណៈនេះ មិនមែនមានតែតាមរាជធានីខេត្តទេ គឺមាននៅតាមស្រុកក្រុងខណ្ឌ តាមឃុំ និងនៅតាមវត្តថែមទៀត។ ដូច្នេះសុំការយោគយល់ម្តងទៀត ដែលរាជរដ្ឋាភិបាល មិនមានលទ្ធភាពដោះស្រាយបាន លើបញ្ហានេះ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បញ្ហានេះ កើតឡើង មិនត្រឹមតែកម្ពុជាទេ។ នៅប្រទេសគេ ក៏ដូចគ្នា។ នៅប្រទេសគេ អ្នកទិញបានសំបុត្រចូលមើល សប្បាយចិត្ត។ រីឯអ្នកតិញមិនបាន ក៏មិនសប្បាយចិត្ត។ នៅស្រុកយើង យើងចែកសំបុត្រដោយឥតគិតថ្លៃ ហើយទីកន្លែងយើង តូច។ ដូច្នេះយើងមិនអាចដាក់លើសចំណុះបានទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់អ្នកទទួលបានសំបុត្រចូលមើលផ្ទាល់ហើយ សូមទៅមើលដោយផ្ទាល់ ជៀសវាងអ្នកមិនបានសំបុត្រ ចង់ទៅមើល តែមិនអាចចូលមើលបាន ដោយសារតែមិនមានសំបុត្រ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវជាថ្មី សុំឱ្យជនរួមជាតិយោគយល់ ហើយរក្សានូវភាពថ្លៃថ្នូរ និងបញ្ឈប់ការវាយប្រហារលើការចែកសំបុត្រ ដើម្បីកុំឱ្យប៉ះពាល់ដល់ការប្រឹងប្រែងរបស់អ្នករៀបចំ។
ដូច្នេះសម្តេចតេជោ រំពឹងថា បងប្អូនជនរួមជាតិ នឹងមានការយោគយល់ ដោយសារតែចំនួនអ្នកចង់ចូលមើលច្រើនជាងកន្លែង ដែលយើងអាចផ្ទុកមនុស្ស។ អ្នកចង់ចូលមើល មានដល់ទៅ ៥០ម៉ឺននាក់ ខណៈដែលកន្លែងយើង អាចដាក់មនុស្សបានត្រឹមតែ ៦-៧ម៉ឺននាក់ប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់អាជ្ញាធរសមត្ថកិច្ច រៀបចំការបញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពិសេសបាល់ទាត់ និងពីពិធីបើកស៊ីហ្គេម នាថ្ងៃទី៥ឧសភា ឱ្យបានច្រើនកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋ បានទស្សនាពីព្រឹត្តិការណ៍ទាំងនេះ ឱ្យបានគ្រប់ៗគ្នា៕
Post a Comment