សម្ដេចតេជោព្រមានដកអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បើល្ងាចនេះមិនផ្សាយផ្ទាល់ការប្រកួតបាល់ទាត់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានដកតំណែង អគ្គនាយក និងអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ទាំងអស់ បើមិនផ្សាយកីឡាបាល់ទាត់គ្រប់គូទាំងអស់ មិនមែនផ្សាយសំដៅតែលើគូអន្តរជាតិជាមួយកម្ពុជាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គែមនោះទេ ។
ការព្រមានរបស់សម្តេចតេជោធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការ ដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើក ទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុនដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែ ក្រុងព្រះសីហនុនាព្រឹកថ្ងៃទី១ឧសភាឆ្នាំ២០២៣។
សម្តេចតេជោ បានបញ្ជាក់ថា មានស្ថានីយទូរទស្សន៍ឯកជនបានផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គែម ពិសេសការប្រកួតបាល់ទាត់រវាងបណ្តាប្រទេសនានា ក្នុងអាស៊ាន។ ជាក់ស្តែង មានអ្នកទស្សនាលើការផ្សាយផ្ទាល់របស់ហ្វេសប៊ុករបស់ទូរទស្សន៍បាយ័នមានជាង ១៥ម៉ឺននាក់ ចូលមើល។ ជាមួយគ្នានោះដែរការព្រមាននេះ ដោយសម្តេចបានទុកពេល ឲ្យមុនម៉ោង៩យប់នេះ បើរឹងទទឹងមិនព្រមផ្សាយ។
«អញ្ចឹងហេតុអីបានជាអស់លោក មិនចាប់អារម្មណ៍? ហើយទៅកាន់អាតំណែងហ្នឹង ឬក៏ចង់អស់ (តំណែង)»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ព្រមនឹងការព្រមានខ្លាំងៗថា «ខ្ញុំទៅល្ងាចនេះ បើថាមិននេះទេ (ផ្សាយផ្ទាល់) យប់ហ្នឹង នឹងអស់តំណែង មុនម៉ោង ៩ យប់ ខ្ញុំប្រាប់ឱ្យហើយ»។
សម្តេចបន្តថា «ជាមួយហ៊ុន សែន ធ្វើការលឿនណាស់។ កុំមកបង្ខូចអាព្រឹត្តិការណ៍របស់គេ ក្នុងពេលដែលខ្លួនឯងមានឧបករណ៍គ្រប់គ្រាន់ និងទទួលបន្ទុកផ្សព្វផ្សាយ»។
សូមជម្រាបថាការព្រមានរបស់សម្តេចតេជោនោះបន្ទាប់ពីការរិះគន់ពីមហាជនមួយចំនួន ពាក់ព័ន្ធនឹងបានផ្សាយផ្ទាល់ចំពោះការប្រកួតបាល់ទាត់គ្រប់គូរខណៈកម្ពុជាម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេម៕
Post a Comment