រឿងរ៉ាវ​តារាចម្រៀង​ជនបទ​ថៃ​ដែល​បាន​ស្លា​ប់​ដោយសារ​តែ​ការ​ម៉ាស្សា​បែប​ប្រពៃណី​ថៃ នៅ​ឯ​ភូមិភាគ​ឥ​សាន្ត កំពុង​ផ្ទុះ​កក្រើក​នាំ​ឱ្យ​មនុស្ស​ជា​ច្រើន​សម្តែង​ភាព​ភិតភ័យ

ថៃ ៖ រឿងរ៉ាវ​តារាចម្រៀង​ជនបទ​ថៃ​ដែល​បាន​ស្លា​.​ប់​ដោយសារ​តែ​ការ​ម៉ាស្សា​បែប​ប្រពៃណី​ថៃ នៅ​ឯ​ភូមិភាគ​ឥ​សាន្ត កំពុង​ផ្ទុះ​កក្រើក​នាំ​ឱ្យ​មនុស្ស​ជា​ច្រើន​សម្តែង​ភាព​ភិតភ័យ ខណៈ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​បាន​នាំ​គ្នា​ចេញ​មក​និយាយ​ពី​បទ​ពិ​សោ​ន៍​នៃ​ការ​ម៉ាស្សា​បែប​ថៃ​តាម​បណ្តាញ​សង្គម ។

បច្ចុប្បន្ន​ប៉ូលិស​ជំនាញ​កំពុង​បើក​ការ​ស៊ើបអង្កេត ។ សារព័ត៌មាន Bangkok Post រាយការណ៍​នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤​ថា តារាចម្រៀង​បែប​ចង្វាក់​លូក​ថង និង​ម៉​ឡាំ នៃ​ផលិតកម្ម Guitar Record កញ្ញា Chayada Prao-hom បាន​ទទួលមរណភាព នៅ​ម៉ោង​៦​ព្រឹក ថ្ងៃអាទិត្យ ទី​០៨ ធ្នូ នៅ​ក្នុង​បន្ទប់ ICU ហើយ​មរណភាព​របស់​តារាចម្រៀង​ស្រី​រូប​នេះ​ត្រូវ​បាន​វេជ្ជបណ្ឌិត​ជំនាញ​ឆ្លុះ​ឃើញ​ថា នាង​មានការ​ហើម​ក្នុង​ខួរ បណ្តាល​មក​ពី​ការ​របួស​សរសៃ​.​ក ដែល​ធ្វើ​អោយ​ការ​បញ្ជូន​ឈាម​ទៅ​ខួរក្បាល​មិន​បាន​គ្រប់គ្រាន់ ។

ជួប​រឿង​អកុសល​ដែល​កើត​មាន​ចំពោះ ឆា​យ៉ា​ដា ត្រូវ​បាន​មិត្ត​ប្រុស​របស់​នាង​ដែល​មានឈ្មោះ រក្សា បាន​ចេញ​មក​រំលឹក​ដោយ​ក្តី​ឈឺចាប់​ថា អាកា​រៈ​របស់​ឆា​យ៉ា​ដា កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​រហូត​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ គឺ​បន្ទាប់​ពី​នាង​បាន​ប្រើប្រាស់​សេវា​ម៉ាស្សា​ចំនួន​៣​លើក នៅ​ហាង​ម៉ាស្សា​បែប​ប្រពៃណី​ថៃ​មួយ​កន្លែង ក្នុង​ខេត្ត​អ៊ូ​ដុន​ថា​នី ដោយ​លើក​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី​៥ ខែតុលា ដោយ​កាល​ណោះ ក្រោយ​ពី​ចប់​ការ​សម្តែង​ខន​សឺ ឆា​យ៉ា​ដា បាន​ប្រាប់​គាត់​ថា នាង​ឈឺ​ខ្នង និង​ស្មា ហើយ​បាន​សុំ​ឱ្យ​គាត់​នាំ​នាង​ទៅ​ហាង​ម៉ាស្សា​នោះ ។ រាប់​ចាប់ពី​លើក​ទី​១ ដល់​លើក​ទី​៣ ឆា​យ៉ា​ដា ចាប់ផ្តើម​មាន​អារម្មណ៍​ស្ពឹក​នៅ​លើ​ពាក់កណ្តាល​នៃ​រាង​កាយ​របស់​នាង ហើយ​មិន​អាច​ប្រើ​ដៃ​ម្ខាង​របស់​នាង​បាន​ទេ ក្រោយមក​នាង​មិន​អាច​ធ្វើ​ចលនា​រាង​កាយ​ទាំងមូល​តែ​ម្តង ។

កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆា​យ៉ា​ដា បាន​ចេញ​មក​បង្ហោះ​តាម​ផេ​ក​ហ្វេ​ស​បុក​ប្រាប់​អ្នកគាំទ្រ​របស់​នាង​ដែល​ព្រួយបារម្ភ​ពី​ស្ថានភាព​ជំងឺ​របស់​នាង នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា នាង​បាន​ទៅ​ហាង​ម៉ាស្សា​ដូច​គ្នា​បី​ដង ក្នុង​រយៈពេល​ប្រហែល​មួយ​ខែ ដោយសារ​ចង់​ព្យាបាល​អាកា​រៈ​ឈឺ​ស្មា និង​ខ្នង ។ ពីរ​លើក​ដំបូង​នាង​ត្រូវ​បាន​ម៉ាស្សា ដោយ​មនុស្ស​ដដែល​ដែល​បណ្តាល​ឱ្យ​នាង​«​ឈឺ​ក​» ហើយពី​រស​ប្តា​ហ៍​បន្ទាប់ នាង​ចាប់ផ្តើម​មានការ​ឈឺចាប់ និង​រឹង​ពេញ​រាង​កាយ​របស់​នាង ដែល​នាង​មិន​អាច​ដេក​លើ​គ្រែ​បាន​ទេ នាង​ក៏​សម្រេចចិត្ត​ទៅ​ហាង​ដដែល​នោះ​ជា​លើក​ទី​៣ ។

ចំពោះ​ដើមហេតុ​ដែល​ធ្វើ​ឱ្យ​នាង​ទៅ​ម៉ាស្សា​ម្តង​ហើយ​ម្តងទៀត ទោះជា​មាន​អាកា​រៈ​មិន​ស្រួល​ក្តី ត្រូវ​បាន ឆា​យ៉ា​ដា អះអាង​ថា ព្រោះតែ​ម៉ាក់​របស់​នាង គឺជា​អ្នក​ម៉ាស្សា ហើយ​នាង​បាន​រៀន​ម៉ាស្សា​បែប​ថៃ​តាំងពី​តូច​មក​ម្ល៉េះ ដូចនេះ​នាង​គិត​ថា ការ​ឈឺ​ពេញ​រាង​កាយ​នេះ គឺ​គ្រាន់តែ​ជា​ផល​ប៉ះពាល់ និង​ប្រសិទ្ធភាព​នៃ​ការ​ម៉ាស្សា ដែល​តម្រូវ​ឱ្យ​នាង​ត្រូវធ្វើ​វា​ម្ដងទៀត ។ ការ​មក​ម៉ាស្សា​ជា​លើក​៣ ឆា​យ៉ា​ដា បាន​ជួប​ជាមួយ​អ្នក​ម៉ាស្សា​ថ្មី​ម្នាក់​ទៀត ហើយ​អ្នក​ម៉ាស្សា​រូប​នេះ «​ដៃ​ធ្ងន់​» ណាស់ ដែល​បណ្តាល​ឲ្យ​នាង​ហើម និង​ស្នាម​ជាំ​ពេញ​ដងខ្លួន​អស់​រយៈពេល​មួ​យស​ប្តា​ហ៍ ។ ទោះបីជា​នាង​បន្ត​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​ក៏​ដោយ ក្រោយមក​នាង​មានការ​ឈឺចាប់​នៅ​ក្នុង​ម្រាមដៃ ហើយ​មាន​អារម្មណ៍​ក្តៅរ​ងារ​គ្រប់ពេលវេលា ។ ភាព​ស្ពឹក​បាន​រាលដាល​ពេញ​ដងខ្លួន​របស់​នាង​ទាំងមូល ហើយ​កាន់តែ​ខ្លាំង​ទៅ​ៗ ។

ត្រឹម​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ស្ថានភាព​របស់ ឆា​យ៉ា​ដា រឹតតែ​វិវឌ្ឍន៍​កាន់តែ​ធ្ងន់ធ្ងរ ដោយ​នាង​មិន​អាច​ធ្វើ​ចលនា ឬ​ជួយ​ខ្លួនឯង​បាន​ឡើយ ហើយ​នាង​នៅ​លើ​គ្រែ​គ្រប់ពេលវេលា រហូត​បញ្ជូន​ទៅ​បន្ទប់សង្គ្រោះបន្ទាន់ មិត្ត​ប្រុស​របស់​ឆា​យ៉ា​ដា បាន​និយាយ​ថា គាត់​ចង់​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ហាង​ម៉ាស្សា​នេះ ប៉ុន្តែ​បាន​សារភាព​ថា គាត់​មិន​ប្រាកដ​ថា មាន​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដូច្នេះ​ទេ ។

យ៉ាងណា​ក៏​ដោយ មុន​ពេល​លាចាក​លោក ឆា​យ៉ា​ដា ក៏​បាន​ចេញ​មក​ចែករំលែក​បទ​ពិសោធន៍​ចំពោះ​រឿងរ៉ាវ​សោកស្តាយ ដោយសារ​តែ​ការ​ម៉ាស្សា​បែប​ថៃ ដែល​ខ្លួន​បាន​ជួប​ប្រទះ​ទៅ​កាន់​អ្នកគាំទ្រ និង​សារ​ធារ​ណ​ជន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដើម្បី​កុំឱ្យ​មាន​វិប្បដិសារី​ដូច​នាង ។ ដោយ​រៀបរាប់​ថា «​ខ្ញុំ​ចង់ឱ្យ​រឿង​របស់ខ្ញុំ​ក្លាយជា​មេរៀន​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ម៉ាស្សា​ច្រើន​» ។

ជុំវិញ​រឿងរ៉ាវ​មួយ​នេះ លោក Arkom Praditsuwan អគ្គនាយករង​នៃ​នាយកដ្ឋាន​គាំទ្រ​សេវា​សុខភាព (HSS) បាន​និយាយ​ថា មន្ត្រី​នាយកដ្ឋាន​នឹង​ពិនិត្យ​មើល​ថា តើ​ហាង​ម៉ាស្សា​ដែល​តារាចម្រៀង​ស្រី​រូប​នេះ​មាន​បញ្ហា​ដល់​ជីវិត តើ​មានការ​ទទួលស្គាល់ និង​អាជ្ញាប័ណ្ណ​ក្នុង​ការ​ផ្តល់​សេវា​ដែរ​ឬទេ ។ លោក Arkom បាន​និយាយ​ថា «​អ្វី​ដែល​យើង​ត្រូវ​ពិនិត្យ គឺថា តើ​សេវា​ម៉ាស្សា​ដែល​ពួក​គេ​ផ្តល់​ទៅ​ឱ្យ​ឆា​យ៉ា​ដា គឺជា​ការ​អនុវត្តន៍​ត្រឹមត្រូវ និង​ស្រប​តាម​គំរូ​ស្តង់ដារ​សម្រាប់​ការ​ម៉ាស្សា​បែប​ប្រពៃណី​ថៃ​ដែរ​ឬទេ​» ។ «​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ម៉ាស្សា​បែប​ថៃ​ត្រូវ​បាន​អនុវត្តន៍​ដោយ​អ្នក​ប្រកប​របរ​មួយ​ចំនួន​ដោយ​ប្រើ​បច្ចេកទេស​ផ្សេង​ៗ​ដោយហេតុ​នេះ​ធ្លាក់​ចុះ​ក្រោម​ស្តង់ដារ ឬ​នាំ​ទៅ​រក​សេវា​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​» ។

ជុំវិញ​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​បូព៌ា នៃ​សាកលវិទ្យាល័យ Rangsit បាន​ព្រមាន​ថា អ្នក​ដែល​ចូល​ចិត្ត​ម៉ាស្សា​ក ឬ​អ្នក​ចូល​ចិត្ត​កាច់ក ដើម្បី​បន្ធូរ​សាច់ដុំ ឬ​ភាព​តានតឹង គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​នៃ​អាច​បណ្តាល​ឱ្យ​ជាប់​សរសៃ ខ្វិន ឬ ខូចខាត​ដល់​សរសៃឈាម​ពីរ​គូ ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ខួរក្បាល ហើយ​នៅ​ពេល​របួស​សរសៃ​ក ដែល​ធ្វើ​អោយ​ការ​បញ្ជូន​ឈាម​ទៅ​ខួរក្បាល​មិន​បាន​គ្រប់គ្រាន់ បណ្តាល​ហើម​ខួរក្បាល និង​ស្លា​.​ប់ ។

លោក​វេជ្ជបណ្ឌិត Thiravat បាន​ដកស្រង់​របាយការណ៍​មួយ​ដោយ​អ្នកជំនាញ​ខាង​សរសៃប្រសាទ​ជនជាតិ​អា​មេ​រិ​ក​ចំនួន​១៧៧​នាក់ ដែល​បាន​និយាយ​ថា ពួក​គេ​បាន​ជួប​អ្នកជំងឺ​ចំនួន​៥៥​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​២១ ទៅ​៦០​ឆ្នាំ បាន​ជួប​អាកា​រៈ​ខ្វិន ដូច​ឆាយា​ដា បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ដោយ​ម៉ាស្សា ក ។ កុំ​ថា​ឡើយ ដល់​ទៅ​ម៉ាស្សា​ប្រើ​ដៃ​ធ្ងន់​នោះ គឺ​ធ្លាប់​មាន​អ្នកជំងឺ​ម្នាក់​ត្រូវ​ចំណាយពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាប់​ខែ ដើម្បី​ព្យាបាល និង​ស្តារ​នីតិសម្បទា​ចំពោះ​ជំងឺ​ខ្វិន ដែល​បណ្តាល​មក​ពី​ទម្លាប់​បង្វិល​កាច់ ផ្អៀង​ក​របស់​គាត់​ជា​ប្រចាំ ៕ 


Powered by Blogger.