សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ស្រីម្នាក់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សាក្នុង០២ករណីផ្សេងៗគ្នា
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដង្កោ បានបង្ហាញមុខជនសង្ស័យចំនួន១២នាក់ ស្រីម្នាក់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សាក្នុង០២ករណីផ្សេងៗគ្នា។
ដោយអនុវត្តតាមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ក្នុងនោះករណីទី១កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១និង៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដោយឃាត់ខ្លួនជនសង្ស័យទាំង០៧នាក់ស្រីម្នាក់ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះ)។
ក្នុងករណីទី២ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទីសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចគល់ស្ពាន ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជាមួយគ្នានោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ស្លាកលេខម៉ូតូចំនួន០៣ កាំបិតប៉័ងតោចំនួន០១, ដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រចំនួន០១ដើម,ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ូតូចំនួន០៧គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់ម៉ូតូនៅខណ្ឌមានជ័យចំនួន០២ករណីថែមទៀត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕
Post a Comment